ព្រឹត្តិការណ៍
សិក្ខាសាលាដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ យើងខ្ញុំតែងតែចូលរួម ចែករំលែកនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងភាពរីកចម្រើន ការសហការ ជាពិសេសបង្កើតឱកាសសម្រាប់កុមារគ្រប់ៗរូប។
ដំណើរទស្សនកិច្ចក្រុមការងារមកពីចក្រភពអង់គ្លេស!
សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ ថ្មីៗនេះបានរៀបចំវគ្គបណ្តុះបណ្តាលមួយជាមួយអ្នកគ្រូ Iqra Awan អ្នកគ្រូ Aara និងអ្នកគ្រូ Indiana Gardiner មកពីសាកលវិទ្យាល័យ ស៊ីធី នៃចក្រភពអង់គ្លេស។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះបានធ្វើបទបង្ហាញឱ្យយើងយល់ដឹងអំពីគំរូ SCERTS ដែលគ្រូបណ្តុះបណ្តាលបានគូសបញ្ជាក់ពីយុទ្ធសាស្រ្ដក្នុងការអនុវត្តនានា ដើម្បីជួយគាំទ្រដល់ការទំនាក់ទំនងសង្គម ការគ្រប់គ្រងអារម្មណ៍ និងការចូលរួមក្នុងថ្នាក់រៀនសម្រាប់កុមារអូទីស្សឹម និងកុមារដែលមានតម្រូវការអភិវឌ្ឍផ្សេងៗទៀត។
វគ្គបណ្តុះបណ្តាលក៏បានបន្តមកជាមួយការកសាងទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលគ្រូបណ្ដុះបណ្ដាលបានបង្ហាញវិធីដើម្បីកសាងការទំនាក់ទំនងដំបូងជាមួយកុមារ ការផ្ដោតការយកចិត្តទុកដាក់រួមគ្នា និងទំនាក់ទំនងដ៏មានអត្ថន័យដោយធ្វើតាមការដឹកនាំរបស់កុមារ។
វគ្គបណ្តុះបណ្តាលនេះបានជួយពង្រឹងបន្ថែម និងបំពាក់បំប៉នដល់ក្រុមការងារសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ នូវវិធីសាស្រ្តជាក់ស្តែង និងផ្អែកលើភស្តុតាង ដើម្បីបង្កើនបទពិសោធន៍សិក្សាសម្រាប់កុមាររបស់យើងខ្ញុំ។